ក. អំពីអង្គការយុវតារាកម្ពុជា

តើអង្គការយុវតារាកម្ពុជាជាអ្វី?

អង្គការយុវតារាកម្ពុជា (Youth Star Cambodia) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលលើកកម្ពស់ ការអប់រំ ការអភិវឌ្ឍយុវជន និងសហគមន៍ជនបទ តាមរយៈសេវាស្ម័គ្រចិត្ត។ យុវតារា ផ្តល់ឱកាសឱ្យយុវជនចូលរួមជាមួយសហគមន៍ ដើម្បីជួយកុមារឱ្យចូលរៀន និងបន្តការសិក្សា ព្រមទាំងអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន។

តើកម្មវិធីយុវជនស្ម័គ្រចិត្តយុវតារាធ្វើការនៅទីណាខ្លះ?

កម្មវិធីស្ម័គ្រចិត្តយុវតារា កំពុងធ្វើការជាមួយសហគមន៍នៅតាមខេត្តគោលដៅចំនួន៤ ក្នុងប្រទេសកម្ពុជា រួមមាន កំពង់ធំ ព្រៃវែង ស្វាយរៀង និងក្រចេះ

ខ. អំពីការចូលរួមជាយុវជនស្ម័គ្រចិត្ត

ហេតុអ្វីគួរចូលរួមជាយុវជនស្ម័គ្រចិត្តយុវតារា?

ការចូលរួមជាយុវជនស្ម័គ្រចិត្តយុវតារា គឺជាឱកាសសម្រាប់យុវជនក្នុងការប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានទៅដល កុមារ និងសហគមន៍។ ជាមួយគ្នានេះ យុវជនស្ម័គ្រចិត្តនឹងទទួលបានបទពិសោធជាក់ស្តែង និងអភិវឌ្ឍជំនាញ ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការធ្វើការជាក្រុម ការអនុវត្តគម្រោង និងការដោះស្រាយបញ្ហា លនិងល។

តើអ្នកណាអាចដាក់ពាក្យជាយុវជនស្ម័គ្រចិត្តយុវតារាបាន?

កម្មវិធីផ្តោតលើការជ្រើសរើសយុវជនដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ មានការប្តេជ្ញាចិត្តក្នុងការបម្រើសហគមន៍ និងចង់ចូលរួមលើកកម្ពស់ការអប់រំរបស់កុមារនិងមនុស្សវ័យក្មេង។ បេក្ខជន គប្បីមាន ទំនួលខុសត្រូវ ឆន្ទៈរៀនសូត្រ ឱ្យតម្លៃលើការងារស្ម័គ្រចិត្ត និងសមត្ថភាពធ្វើការជាមួយអ្នកដទៃ

តើខ្ញុំត្រូវមានបទពិសោធធ្វើការជាមួយកុមារដែរឬទេ?

មិនចាំបាច់ទេ។ យុវជនស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាល និងការគាំទ្រដើម្បីត្រៀមខ្លួនសម្រាប់ការងារជាមួយកុមារ ក្លឹបយុវជន សាលារៀន និងសហគមន៍។ អ្វីដែលសំខាន់គឺ ឆន្ទៈក្នុងការរៀនសូត្រ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ចំពោះកុមារ និងសហគមន៍

ហេតុអ្វីបានជាអង្គការយុវតារាតម្រូវឱ្យប្តេជ្ញាចិត្តរយៈពេល ៩ខែដល់មួយឆ្នាំ?

រយៈពេលមួយឆ្នាំផ្តល់ឱកាសឱ្យយុវជនស្ម័គ្រចិត្ត ស្គាល់សហគមន៍ បង្កើតទំនាក់ទំនង និងធ្វើការជាមួយកុមារ បាន។ វាក៏ជារយៈពេលសម្រាប់យុវជនស្ម័គ្រចិត្តរៀនសូត្រពីបទពិសោធជាក់ស្តែង និងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងពង្រឹងគុណវុឌ្ឍិរបស់ខ្លួនសម្រាប់ទីផ្សារការងារបន្ទាប់។

គ. អំពីការងារ និងបទពិសោធ

តើយុវជនស្ម័គ្រចិត្តត្រូវធ្វើការអ្វីខ្លះ?

យុវជនស្ម័គ្រចិត្តនឹងត្រូវធ្វើការ និងរស់នៅក្នុងសហគមន៍ផ្ទាល់ដើម្បី៖

  • ស្វែងរក និងគាំទ្រកុមារដែលមិនបានចូលរៀន ឬប្រឈមនឹងការបោះបង់ការសិក្សា
  • ជួយកុមារឱ្យត្រឡប់ទៅសាលារៀន និងបន្តការសិក្សា
  • រៀបចំសកម្មភាពអប់រំ និងការគាំទ្រផ្នែកការសិក្សា
  • ធ្វើការជាមួយគ្រួសារ គ្រូបង្រៀន និងអាជ្ញាធរមូលដ្ឋាន
  • ចងក្រង បង្កើត ពង្រឹង និងដឹកនាំក្លឹបយុវជន/ក្លឹបកុមារ
  • ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ការចូលរួមរបស់យុវជនវ័យក្មេង។

តើយុវជនស្ម័គ្រចិត្តនឹងធ្វើការជាមួយអ្នកណាខ្លះ?

យុវជនស្ម័គ្រចិត្តនឹងធ្វើការជាមួយ កុមារ មនុស្សវ័យក្មេង អាណាព្យាបាល ឪពុកម្តាយ គ្រូបង្រៀន អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កុមារ និងសហគមន៍។

តើខ្ញុំនឹងត្រូវចុះបំពេញការងារនៅទីណា?

យុវជនស្ម័គ្រចិត្តនឹងត្រូវបានចាត់តាំងទៅធ្វើការនៅ សហគមន៍ជនបទក្នុងខេត្តគោលដៅមួយក្នុងចំណោម៤ខាងលើ ដោយផ្អែកលើតម្រូវការរបស់សហគមន៍ និងកម្មវិធីរបស់យុវតារា។ ទីតាំងជាក់លាក់នឹងត្រូវជូនដំណឹងក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលមុនចុះទៅសហគមន៍។

តើយុវជនស្ម័គ្រចិត្តទទួលបានការបណ្តុះបណ្តាល និងការគាំទ្រដែរឬទេ?

បាទ/ចាស! យុវជនស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងទទួលបាន ការបណ្តុះបណ្តាលមុនចុះសហគមន៍ និងការគាំទ្រជាបន្តបន្ទាប់ ក្នុងអំឡុងពេលបំពេញការងារ។

ឃ. អំពីការដាក់ពាក្យ

តើខ្ញុំអាចដាក់ពាក្យជាអ្នកស្ម័គ្រចិត្តដោយរបៀបណា?

ការជ្រើសរើសយុវជនស្ម័គ្រចិត្តនឹងត្រូវប្រកាសតាម គេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់អង្គការយុវតារាកម្ពុជា។ បេក្ខជនអាចដាក់ពាក្យតាមវិធីដែលបានកំណត់ក្នុងសេចក្តីប្រកាសជ្រើសរើសនីមួយៗ។

តើដំណើរការជ្រើសរើសមានអ្វីខ្លះ?

ជាទូទៅ ដំណើរការជ្រើសរើសរួមមាន ការដាក់ពាក្យ ការពិនិត្យពាក្យស្នើសុំ ការសម្ភាសវាយតម្លៃ និងការបណ្តុះបណ្តាលមុនចុះសហគមន៍។ ព័ត៌មានលម្អិតអំពីលក្ខខណ្ឌ និងដំណាក់កាលនៃការជ្រើសរើស នឹងត្រូវបញ្ជាក់ក្នុងសេចក្តីប្រកាសជ្រើសរើសនីមួយៗ។